មនុស្សគ្រប់គ្នាតែងមានគោលដៅដើម្បីសម្រេច។ ប៉ុន្តែដោយសារតែភាពមមាញឹកនឹងការងារ ពួកគេតែងទុកឲ្យពេលវេលាជាអ្នកកំណត់គោលដៅនោះជំនួស។
ឈានដល់វ័យ៣០ គឺជាពេលវេលាល្អបំផុតនៃជីវិតមនុស្សដែលទទួលបានគ្រប់ផ្នែកនៃជីវិតទាំងបទពិសោធន៍ និងការគិត។ ប៉ុន្តែបើចង់ឲ្យគោលដៅអនាគតត្រចះត្រចង់ គួរបោះបង់ទម្លាប់មិនរីកចម្រើនទាំង ១០ ខាងក្រោម៖
១ រស់នៅកំដរថ្ងៃឈប់សម្រាក
ជម្រើសល្អបំផុតដើម្បីបញ្ចៀសពីបញ្ហានេះ ដូចជាការបង្កើតផែនការអភិវឌ្ឍសម្រាប់ខ្លួនឯង បង្កើតទម្លាប់ល្អសម្រាប់ខ្លួនឯង ដូចជាធ្វើអ្វីផ្សេងក្រៅពីការងារប្រចាំថ្ងៃ ពិសេសមិននៅមុខកុំព្យូរទ័រ ឬ ធ្វើកម្មវិធីសប្បុរសធម៌ជាមួយមិត្តភ័ក្ដិ ព្រោះវាមិនត្រឹមជាការកម្សាន្តចុងសប្ដាហ៍សម្រាប់អ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកដទៃដែលទទួលរបស់ពីអ្នកសប្បាយចិត្តទៀតផង។
២ ទម្រន់មិនចង់ឆាប់គេង
ល្អបំផុតអ្នកគួររៀបចំម៉ោងចូលគេងឲ្យបានទៀងទាត់ ព្រោះការចូលគេងយឺតយូរ វាបានប៉ះពាល់ដល់គុណភាពដំណេក និង កិច្ចការប្រចាំថ្ងៃរបស់អ្នក។
៣ មិនទូរសព្ទទៅសួរសុខទុក្ខឪពុកម្តាយចាស់
អ្នកខ្លះយល់ថាមិនទូរសព្ទទៅសួរសុខទុក្ខឪពុកម្តាយចាស់ព្រោះគិតថាពួកគាត់មានកូនចៅច្រើនហើយដែលនឹងខ្វល់ខ្វាយពីគាត់ តែមិនដូច្នោះទេ។ ទូរសព្ទរបស់អ្នកមានអត្ថន័យបំផុតសម្រាប់ឪពុកម្តាយដែលកាន់តែចាស់។
៤ ព្យាយាមផ្គាប់ចិត្តអ្នកផ្សេងគ្រប់ពេល
តែងព្យាយាមសន្យាថាអ្នកនឹងធ្វើអ្វីនានាដើម្បីបំពេញចិត្តអ្នកដទៃគ្រប់ពេលពេក មានតែធ្វើឲ្យអ្នកមិនរីកចម្រើន ពោលគឺ ធ្វើឲ្យអ្នកដទៃរីករាយ ប៉ុន្តែអ្នកមិនរីករាយឡើយ។
៥ តែងអស់លុយចុងខែ
វាដល់ពេលហើយ ដែលត្រូវពិនិត្យថាតើលុយទាំងនោះទៅណា ហើយអ្នកមានវិធីណាខ្លះ ដើម្បីទុកដាក់លុយទាំងនោះ។
៦ ប្រដូចជីវិតខ្លួនទៅនឹងអ្នកដទៃ
Scroll លើ facebook ហើយតែងចង់ប្រដូចជីវិតខ្លួនឯងឲ្យដូចអ្នកដទៃ។ ជីវិតនៅលើ facebook ឬ បណ្ដាញសង្គមមិនសុទ្ធតែពិតប្រាកដនោះទេ។ អ្នកអាចនឹងគិតថាជីវិតខ្លួនឯងស៊ុបទ្រុប រីឯអ្នកដទៃតែងមានក្តីសុខ។
៧ កំណត់គោលដៅដែលមិនអាចទៅរួច
ដែលហៅថាគោលដៅឆ្លាតវៃ គួរតែជាគោលដៅដែលគិតទៅលើគោលការណ៍ ៥ (SMART)។
- Specific (ជាក់លាក់) ៖ ឧទាហរណ៍ជំនួសឲ្យការនិយាយថាអ្នកចាប់ផ្តើមហាត់ប្រាណ គួរតែកំណត់ថាចាប់ផ្តើមរត់រាល់ព្រឹក
- Measurable (អាចវាស់វែងពីភាពជោគជ័យបាន) ៖ ឧទាហរណ៍ ជំនួសឲ្យការនិយាយថាអ្នកចង់ស្រកទម្ងន់ គួរនិយាយថានឹងព្យាយាមសម្រកទម្ងន់ឲ្យបាន៥គីឡូក្រាម ក្នុងរយៈពេល១០ខែ។
- Achievable (ដែលអាចសម្រេចបាន) ៖ ឧទាហរណ៍ ជំនួសឲ្យការនិយាយថាអ្នកចង់ឡើងតំណែង គួរតែនិយាយថា អ្នកនឹងប្រឹងធ្វើការលើសធម្មតា៣ដង ឬ ជំនួសឲ្យការចង់ក្លាយជាអ្នកមាន អ្នកគួរដាក់ផែនការបង្កើនចំណូលលើចំណូលសព្វថ្ងៃ៥ដង។
- Relevant (ដែលពាក់ព័ន្ធ) ៖ គោលដៅនិងផែនការរបស់អ្នកគួរតែស៊ីគ្នា។ ឧទាហរណ៍ អ្នកចង់ជួបនារីម្នាក់ដែលមានចំណូលចិត្តដូចអ្នក។ គួរធ្វើយ៉ាងម៉េច? មានច្រើនជម្រើស អាចថាបើអ្នកចង់ជួបអ្នករៀនសូត្រ អ្នកគួរចុះឈ្មោះរៀនថ្នាក់ត្រៀម IELTS ឬ ចង់ជួបអ្នករកស៊ី គួរទៅចូលរួមសិក្ខាសាលាសហគ្រិនស្រ្តីជាដើម។
- Time-bound (កំណត់ពេលវេលាជាក់លាក់) ៖ គោលដៅរបស់អ្នកគួរតែកំណត់ពេលវេលាឲ្យបានជាក់លាក់។ ឧទាហរណ៍ គោលដៅចង់ទៅរៀននៅបរទេសក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីចប់បរិញ្ញាបត្រ។ បន្ទាប់មក បំបែកគោលដៅនោះជាដំណាក់កាលតូចៗ ដូចជា៖ ១ឆ្នាំដំបូងត្រូវប្រឡូកក្នុងកិច្ចការងារស្ម័គ្រចិត្តសង្គម សួរអ្នកធ្លាប់ទៅរៀននៅក្រៅ និង ប្រឹងយកពិន្ទុ IELTS ឲ្យបានខ្ពស់ និង ១ឆ្នាំបន្ទាប់ទៀត ត្រូវដាក់អាហារូបករណ៍ដែលត្រូវនឹងបំណង ឬ ប្រហាក់ប្រហែលឲ្យបានច្រើនកន្លែង។
៨ ចំណាយពេលលើសលុបជាមួយទូរទស្សន៍ និង បណ្តាញសង្គម
ទូរទស្សន៍ និង បណ្តាញសង្គមជាកន្លែងកម្សាន្តរបស់អ្នក ប៉ុន្តែសៀវភៅមិនត្រឹមកំដរអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ ថែមទាំងផ្តល់ការអប់រំទៀតផង។
៩ តែងបារម្ភពីការគិតរបស់អ្នកដទៃមកលើខ្លួន
ការព្រួយបារម្ភពីការគិតរបស់អ្នកដទៃមកលើខ្លួនជាទម្លាប់ដ៏ពេញនិយមបំផុត ពិសេសទំនោរនេះតែងមានឥទ្ធិពលខ្លាំងមកលើមនុស្សវ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ ប៉ុន្តែការបារម្ភខ្លាំងខ្លាចអ្នកដទៃគិតមិនល្អមកលើខ្លួន វាជាការខ្ជះខ្ជាយថាមពល និង ពេលវេលាផ្ទាល់ខ្លួន។
១០ ដឹងសព្វ
ស្ទើរគ្រប់គ្នានៃមនុស្សវ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំ តែងមានមោទនភាពថាខ្លួនជាមនុស្សដឹងសព្វ មិនសូវបើកចំហទទួលយកការរិះគន់របស់អ្នកដទៃ។ ប៉ុន្តែមនុស្សនៅពេលវ័យកាន់តែច្រើន តែងមានភាពបើកទូលាយ ទទួលយកបទពិសោធន៍របស់មនុស្សជុំវិញខ្លួន៕
0 Comments